ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា ជំរុញសមាជិករដ្ឋសភាចុះស្វែងយល់សុខទុក្ខម្ចាស់ឆ្នោត ពេលសម្រាកពីប្រជុំរដ្ឋសភា
សម្តេចប្រធានរដ្ឋសភា ជំរុញសមាជិករដ្ឋសភាចុះស្វែងយល់សុខទុក្ខម្ចាស់ឆ្នោត ពេលសម្រាកពីប្រជុំរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/4/2019 9:34:39 PM )

នៅក្នុងឱកាសវិស្សមកាលពីសម័យប្រជុំរដ្ឋសភា ពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះទៅ ក្នុងរយៈពេល៣ខែនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានធ្វើការអំពាវនាវដល់សមាជិកសមាជិការដ្ឋសភា ចុះសិក្សាស្វែងយល់ពីការលំបាក និងតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានជាប់ជាប្រចំា ហើយរួមគ្នា ដោះស្រាយ ឆ្លើយតបកង្វល់របស់ម្ចាស់ឆ្នោតឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

តាមទំព័រ Facebook ផ្ទាល់ខ្លួនសម្តេច សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ក្រៅពីបានបំពេញតួនាទីសំខាន់ៗ ខាងនីតិកម្ម ភាពជាតំណាងពលរដ្ឋ និងការតាមដានការអនុវត្តច្បាប់ ដែលជាការងារស្នូលរបស់រដ្ឋសភា សមាជិកសមាជិការដ្ឋសភា បានចូលរួមការងារសង្គម កសាងហេដ្ឋារចនាសម្ព័ន្ធ នានា ជាមួយរាជរដ្ឋាភិបាល ដូចជា វត្តអារាម សាលា ផ្លូវ ស្ពាន ប្រឡាយទឹក មន្ទីរពេទ្យ ដើម្បីសម្រួល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែ ប្រសើរឡើង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា “នេះការទទួលខុសត្រូវរបស់យើង ហើយក៏ជាវប្បធម៌សាមគ្គី រួមសុខរួមទុក្ខជាមួយគ្នា ដែលយើងបានអនុវត្តតំាងពីដើមមក”។

សូមជម្រាបថា រដ្ឋសភាបានបញ្ចប់សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ បន្ទាប់ពីបានដំណើរការ រយៈពេល៣ខែ តាមច្បាប់កំណត់មក។ ក្នុងសម័យប្រជុំលើកទី២ ដែលចាប់ផ្តើមតំាងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩មកនោះ រដ្ឋសភាបានអនុម័ត សេចក្តីព្រាងច្បាប់ចំនួន១០ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។ បានសម្រេចអំពីសុពលភាពនៃអាណត្តិ លោកជំទាវ គឹម សុវណ្ណា តំណាងរាស្រ្ត មណ្ឌលរាជធានីភ្នំពេញ និង ឯកឧត្តម សុខ ផេង តំណាងរាស្រ្តមណ្ឌលព្រៃវែង នីតិកាលទី៦ នៃរដ្ឋសភា។ បានបោះឆ្នោតជ្រើសតំាងបំពេញបន្ថែម ឯកឧត្តម ប្រាជ្ញ ចន្ទ ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និង ឯកឧត្តម ច័ន្ទ សុផល ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងបោះឆ្នោតជ្រើសតំាង លោកជំទាវ លី វួចឡេង ជាសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិឆ្នាំ(២០១៩-២០២៨) និងបានកោះអញ្ជើញ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មកឆ្លើយសំណួរ ទាក់ទងនឹងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៦ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ លើវិស័យយុត្តិធម៌ ផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន