ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមហ៊ុនធំមួយរបស់ចិនស្នើសុំរដ្ឋសភាគំាទ្រការវិនិយោគរបស់ខ្លួននៅកម្ពុជា
ក្រុមហ៊ុនធំមួយរបស់ចិនស្នើសុំរដ្ឋសភាគំាទ្រការវិនិយោគរបស់ខ្លួននៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/12/2018 8:45:58 PM )

លោក កឺ ឈួនបាវ នាយកប្រតិបត្តិក្រុមហ៊ុន សៀង​ហៃ គួស៊ីគ្រុប ខេត្តចំាងស៊ូរបស់ប្រទេសចិន បានស្នើសុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា គំាទ្រ និងផ្តល់កិច្ចសហការដល់​ក្រុមហ៊ុនរបស់លោក ដែលមានបំណងយ៉ាងមុះមុត នៅក្នុងការវិនិយោគនៅកម្ពុជា ដែលជាផ្នែកមួយ ចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា ពិសេសការផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរ។

លោក កឺ ឈួនបាវ បានលើកសំណើដូច្នេះ នៅក្នុងឱកាសដែលលោកទទួលបានការអនុញ្ញាត ចូលជួបសម្តែងការគួរសមជាមួយ សម្តេចប្រធាន រដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុនសៀង​ហៃ គួស៊ីគ្រុប ខេត្តចំាងស៊ូរបស់ប្រទេសចិន បានជម្រាបសម្តេចប្រធានថា បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅកម្ពុជា លោកបានសង្កេតឃើញពីសក្តានុពលយ៉ាងខ្លាំង របស់កម្ពុជា ហើយនៅពេលត្រឡប់ទៅប្រទេសចិនវិញ ក្រុមហ៊ុនលោកនឹងទាក់ទាញអ្នកវិនិយោគនានាមកបណ្តាក់ទុននៅកម្ពុជា។

ក្រុមហ៊ុនសៀង​ហៃ គួស៊ីគ្រុប ខេត្តចំាងស៊ូ  គឺជាក្រុមហ៊ុនធំរបស់ចិន ដែលមានទុនវិនិយោគមកពីប្រទេសសឹង្ហបុរី និងសហរដ្ឋអាមេរិក ដែលមានទុន វិនិយោគ​ប្រមាណ១៩ពាន់លានដុល្លារ។ ការវិនិយោគនៅកម្ពុជា ជាផ្នែកមួយក្នុងការអនុវត្តតាមយុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ​ផ្លូវមួយរបស់ចិន។ នេះជាការ បញ្ជាក់បន្ថែមរបស់ លោក កឺ ឈួនបាវ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគំាទ្រចំពោះគម្រោងវិនិយោគនេះ ដោយសម្តេចបានគូសបញ្ជាក់ថា ទំាងរដ្ឋសភា និងរាជរដ្ឋាភិបាល កម្ពុជា យកចិត្ត​ទុកដាក់ និង​ជំរុញលើកទឹកចិត្ត ចំពោះវិនិយោគផ្ទាល់​ពី​បរទេស​លើ​គ្រប់​វិស័យ ហើយទទួលបានការចាប់អារម្មណ៍ និងការគាំទ្រដោយមាន ក្រុមហ៊ុនធំៗពីបរទេសជាច្រើន បាននឹងកំពុងអនុវត្តផែនការវិនិយោគរបស់ពួកគេ។​

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ការភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា ពីបណ្តាប្រទេសមានសេដ្ឋកិច្ចលូតលាស់ផ្សេងៗ វាបាន​ជម្រុញ ឲ្យមានកំណើនទេសចរណ៍ និងការវិនិយោគផ្ទាល់ ពី​បរទេសមកកាន់កម្ពុជាកាន់តែច្រើនរៀងរាល់ឆ្នាំ ជាពិសេសប្រទេសចិនផ្ទាល់តែម្តង។ ចំណែក ប្រទេសចិន ចិនគឺជាដៃគូរវិនិយោគដ៏មានសក្តានុ​ពល​​​របស់​កម្ពុជា។ គិតមកដល់ឆ្នាំ២០១៧ ទុនវិនិយោគ​របស់​ចិនឈរនៅលេខ​រៀង​លំដាប់ទី១ គឺមាន ទឹក​ប្រាក់ប្រមាណជា១៦ពាន់​លានដុល្លារអាមេរិក។

បើតាមគម្រោងក្រុមហ៊ុនចិន សៀង​ហៃ គួស៊ីគ្រុប នឹងចុះកិច្ចព្រមព្រៀងវិនិយោគជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ឈ្មោះ ឆាយ ឆាយ អិុនវេសម៉េន ក្នុង ទំហំទឹកប្រាក់២០០លានដុល្លារអាមេរិក ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន