ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ២០១៩
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ២០១៩
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/19/2018 2:21:34 AM )

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានដឹកនាំកិច្ចប្រជុំមួយ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ នាវិមានរដ្ឋសភា ដើម្បីត្រួតពិនិត្យលទ្ធផលការងារ ក្នុងការត្រៀមរៀបចំកិច្ចប្រជុំ ប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-បាស៊ីហ្វិក ដែលហៅកាត់ថា APPF ដែលសភាកម្ពុជានឹងធ្វើម្ចាស់ផ្ទះនៅដើមឆ្នាំ២០១៩នេះ។

នៅក្នុងកិច្ចប្រជុំនេះ បានស្តាប់ពីរបាយការណ៍ក្រុមការងារដែលបានសម្រេចរហូតមកដល់ពេលនេះ និងដាក់ទិសដៅត្រូវអនុវត្តបន្ត។ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈ- កម្មការរៀបចំកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានរាយការណ៍ជូនអង្គប្រជុំពីដំណើរការត្រៀមរៀបចំនាពេលកន្លងមក រហូតមក ដល់ពេលនេះ។ ជាមួយនេះផងដែរ ក្រុមសភាកម្ពុជាដែលទទួលបន្ទុកវិស័យស្រ្តី នយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងវិស័យអនាគត APPF បានធ្វើការសិក្សាស្រាវជ្រាវ ក្នុងការជ្រើសរើសប្រធានបទតាមវិស័យនីមួយៗរបស់ខ្លួនរួចអស់ហើយ សម្រាប់ការ សម្រេចដាក់ចូលក្នុងសម័យប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនេះ។

សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី២៧ វេទិកា APPF នៅខេត្តសៀមរាប ទឹកដីអង្គរ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព”។ នៅក្រោមប្រធានបទធំនេះ នៅមានប្រធានបទតូចៗតាមវិស័យនីមួយៗទៀត ដែលមានវិស័យស្រ្តី នយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងវិស័យអនាគត APPF នោះ។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary Forum” បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន APPF មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។ វេទិកានេះ តែងតែមានកិច្ចប្រជុំប្រចំាឆ្នាំជាទៀងទាត់ ដោយប្រទេសជាសមាជិក ផ្លាស់វេណគ្នាធ្វើជា ប្រធាន។ កាលពីឆ្នាំ២០១៧ ប្រទេសវៀតណាមបានធ្វើជាប្រធាន APPF លើកទី២៦។

ក្នុងការត្រៀមរៀបចំនេះ សភាកម្ពុជាបានបង្កើតអនុគណៈកម្មការមួយចំនួន ដែលទទួលបន្ទុកវិស័យផ្សេងៗគ្នា ដូចជាការងារឯកសារ សន្តិសុខ ព័ត៌មានជាដើម និងមានលេខាធិការដ្ឋានមួយ ដែលដឹកនាំដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងដាក់ទិសដៅបន្តក្នុងការត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃAPPFរបស់សភាកម្ពុជានេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានផ្តាំផ្ញើ និងជំរុញសមាជិកសមាជិការដ្ឋសភា ដែលជាសមាជិកគណៈកម្មការនានា និងមន្រ្តីទំាងអស់ ដែលស្ថិតនៅ ក្រុមលេខាធិការដ្ឋាន ត្រូវយកចិត្តទុកដាក់បំពេញការងារ ដើម្បីឲ្យកិច្ចប្រជុំដ៏ធំដែលជាមុខមាត់របស់សភាកម្ពុជា និងប្រទេសកម្ពុជានេះ ទទួលបាន ជោគជ័យ ដូចវេទិកាសភានានា ដែលសភាកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះកន្លងមក៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន