ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត__ ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាផ្តើមពិភាក្សាប្រធានបទក្នុងវិស័យសេដ្ឋកិច្ចសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ វេទិកាសភាអាស៊ី-ប៉ាហ្វិក
សភាកម្ពុជាផ្តើមពិភាក្សាប្រធានបទក្នុងវិស័យសេដ្ឋកិច្ចសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ វេទិកាសភាអាស៊ី-ប៉ាហ្វិក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/12/2018 11:32:58 PM )

ក្នុងតួនាទីជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅដើមឆ្នាំ២០១៩ ខាង​មុខនេះ សភាកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ​ បាន​ប្រជុំ​ក្នុង​ក្រប​ខ័ណ្ឌ​ក្រុម​ការងារ​ទទួល​បន្ទុកវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីជ្រើសរើសប្រធានបទក្នុងវិស័យនេះ សម្រាប់​កិច្ច​ប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងប្រារព្ធធ្វើនៅដើម​ឆ្នាំ២០១៩ ខាងមុខ​នេះ​។

កិច្ចប្រជុំនេះ បានពិភាក្សាគ្នាលើប្រធានបទចំនួន៤ ដែលស្រាវជ្រាវដោយអគ្គនាយក​ដ្ឋាន​នីតិកម្ម និងស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និង ប្រធានបទ២ទៀត ដែល​លើកឡើង​ដោយ ​ឯក​ឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា

នៅកិច្ចប្រជុំដែល​ដឹកនាំដោយ ឯកឧត្តម ឈួន ឡេង សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុម​ការងារទទួលបន្ទុកវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧នៃAPPF ឯកឧត្តម ឡេង ប៉េងឡុង បានស្នើដល់អង្គប្រជុំលើកឡើងនូវប្រធានបទដែលមានលក្ខណៈទូទៅ ហើយមាន ផលប៉ះពាល់ដល់ប្រទេសទំាងអស់ ដែលជាសមាជិកនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក។

បន្ទាប់ពីបានជជែកគ្នាយ៉ាងល្អិតល្អន់ កិច្ចប្រជុំដែល​មានសមាសភាពចូលរួម​ជា​ច្រើន​វិស័យ មានសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា ដែលជា ថ្នាក់ដឹកនាំ និងសមាជិកក្រុម​ការងារ​ទទួលបន្ទុក​វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម APPF លើកទី២៧​។ ក្រុមការងារលេខាធិការដ្ឋាន​សភាកម្ពុជា សម្រាប់​ការរៀបចំ APPF លើកទី២៧ រួម​ទំាងមន្រ្តីជំនាញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម​ផង​នោះ កិច្ចប្រជុំបានសម្រេចជ្រើស​រើស ប្រធានបទចំនួនបី សម្រាប់ដាក់ជូ​​ន​ថ្នាក់​ដឹកនាំសម្រេច និងលើកយកទៅដាក់ក្នុងកិច្ចប្រជុំ APPFលើកទី២៧។

ប្រធានបទដែលកិច្ចប្រជុំនាពេលនេះ បានជ្រើសរើសនោះមាន ទី១ ការពង្រឹងកិច្ចសហ​ប្រតិបត្តិការល្អរវាងរដ្ឋក្នុងតំបន់ឲ្យមានសុខដុមនីយកម្មច្បាប់ សម្រាប់ទទួលបានកំណើនប្រកប​ដោយបរិយាប័ន្ន និងចីរភាព។ ប្រធានបទទី២ គឺកិច្ចប្រឹង​ប្រែងរួមគ្នា ដើម្បីកសាងតំបន់អាស៊ី​ប៉ាស៊ីហ្វិក ទៅជាតំបន់ ពាណិជ្ជកម្មសេរី និងប្រធានបទ​ទី៣ ការពង្រឹង​ការទទួលបាន ហិរញ្ញប្បទាន និង​គោល​នយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់​សហគ្រាស​ធនតូច និងមធ្យម ដើម្បីសម្រេចបាន​វឌ្ឍន​ភាព​ និងវិបុលភាពក្នុងតំបន់។​

ជាការកត់សម្គាល់ ទោះបីជាមានការសម្រេចទទួលយកប្រធានបទ​ទំាង​បី​ខាងលើនេះក្តី តែក្រុមការងារបច្ចេកទេសត្រូវពិនិត្យពាក្យពេចន៍ និងខ្លឹមសារ ទំាងភាសាខ្មែរ និងអង់​គ្លេស​​បន្តទៀត ហើយវិស័យនេះ នឹងមានកិច្ចប្រជុំបន្តបន្ទាប់ទៀត ដើម្បីពិនិត្យមើលទៅលើខ្លឹមសាររួមនៃប្រធានបទទំាងបីនេះ។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parlia​mentary Forum” បានបង្កើតឡើងនៅ ទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភា​នៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាល​ពី​ឆ្នាំ១៩៩៥។ បច្ចុប្បន្នAPPFមានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។ វេទិកានេះ តែងតែ​មានកិ​ច្ច​ប្រជុំប្រចំា​ឆ្នាំជាទៀងទាត់ ដោយប្រទេសជាសមាជិកផ្លាស់វេន គ្នាធ្វើជាប្រធាន។

ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះនៃវេទិកាសភាដ៏ធំមួយនៅក្នុងតំបន់នាពេលនេះ សភាកម្ពុជាមានប្រតិទិនការងារច្បាស់លាស់ ដែលមកដល់ពេលនេះ គឺសភាកម្ពុជាបានសម្រេចនូវស្លាកសញ្ញាកិច្ចប្រជុំ ពេលវេលា ទីកន្លែង និងប្រធានបទធំនៃកិច្ចប្រជុំ។ ឯកឧត្តម ឡេង ប៉េងឡុង ដែលជាប្រធាន​លេខាធិការដ្ឋានសភាកម្ពុជារៀបចំកិច្ចប្រជុំAPPF លើកទី២៧ បានគូសបញ្ជាក់ថា ការត្រៀមរៀបចំកិច្ច​ប្រជុំលើកទី២៧ APPF បានដំណើរការតាម ប្រតិទិន។

តាមគម្រោងកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិកនេះ សភាកម្ពុជាគ្រោង​រៀបចំធ្វើនៅលើទឹកដីអង្គរខេត្តសៀមរាប ពីថ្ងៃទី១៣ ដល់ ទី១៧ ខែមករា ឆ្នាំ២០១៩ ដោយមានប្រធាន​បទ ​​“ពង្រឹង​ភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព”។

ក្នុង​កិច្ច​ប្រជុំប្រចាំឆ្នាំនោះ APPFនឹងមានកិច្ចប្រជុំតាមវិស័យមួយចំនួន ដែលមានដូចជាវិស័យសមាជិកសភាស្រ្តី វិស័យន​យោ​បាយ និងសន្តិសុខ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម រួមនឹង​វិស័​យ​កិច្ចសហប្រតិបត្តិការក្នុង​តំបន់ និង​វិស័យអនាគតAPPF។ ក្រុមការងារទទួលបន្ទុកវិស័យទំាង​អស់​នេះ បានកំពុង​ប្រជុំជ្រើសរើស​ប្រធាន​បទរៀងៗខ្លួនតាមប្រតិទិនការងារ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន