ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាលើកទឹកចិត្តមន្រ្តីសិក្សាភាសាបារាំង និងប្រើប្រាស់ភាសានេះ​ ដើម្បីបម្រើការងារជូនស្ថាប័ន
រដ្ឋសភាលើកទឹកចិត្តមន្រ្តីសិក្សាភាសាបារាំង និងប្រើប្រាស់ភាសានេះ​ ដើម្បីបម្រើការងារជូនស្ថាប័ន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/10/2018 12:38:31 AM )

ឯកឧត្តម ឡេង ប៉េងឡុង​ អគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់ក្នុងការប្រើប្រាស់ភាសាបារាំងនៅក្នុងកិច្ចការសភា។​ ឯកឧត្តមបានគូសបញ្ជាក់ថា​ ទោះបីពេលបច្ចុប្បន្ននេះពិភពលោកគេនិយមប្រើប្រាស់ភាសាអង់គ្លេស​ តែភាសាបារាំងនៅតែមានសារៈសំខាន់ និងដើរតួ នាទីនៅក្នុងវិស័យការងារ និងទំនាក់ទំនង ដូចជាវិស័យសុខាភិបាល ច្បាប់ ជាដើម។ ឯកឧត្តមបន្តថា ឯកសារច្បាប់​ និងប្រវត្តិសាស្រ្តជាភាសាបារាំង សម្បូរបែបណាស់។

នៅក្នុងឱកាសអញ្ជើញធ្វើបាឋកថាស្តីពីអត្ថប្រយោជន៍នៃការសិក្សាភាសាបារាំងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តម ឡេង ប៉េងឡុង បានលើកទឹកចិត្តមន្រ្តីប្រើប្រាស់ភាសាបារាំង និងចូលរួមសិក្សាភាសានេះឲ្យច្រើនបន្តទៀត។

លោក ហេង រដ្ឋា ប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិ និងជាលេខាធិការរដ្ឋបាលក្រុមសភាជាតិកម្ពុជា APF នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា បានឲ្យដឹងថា ដោយមានជំនួយពីអង្គការ NORIA នៃសភានិយាយភាសាបារាំង បានចូលរួមបណ្តុះបណ្តាលភាសាបារាំងដល់មន្រ្តីអគ្គលេខា- ធិការដ្ឋានរដ្ឋសភា នៅវិទ្យាស្ថានភាសាបារាំងនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៦មក ដែលមកដល់ពេលនេះមានមន្រ្តីជាង២០០នាក់ហើយ បានសិក្សា ភាសាបារាំងតាមរយៈជំនួយនេះ។

លោកបានលើកឡើងថា NORIA នឹងបន្តផ្តល់ជំនួយសម្រាប់ការបណ្តុះបណ្តាលនេះទៀតដល់សភាកម្ពុជា ដូច្នេះលោកសូមអំពាវនាវដល់មន្រ្តីចូលរួម ជាមួយវគ្គសិក្សាដែលនឹងបើកក្នុងពេលឆាប់ៗនេះ។ លោកប្រធាននាយកដ្ឋាន បានចាត់ទុកបទបាឋកថារបស់ ឯកឧត្តម​ ឡេង ប៉េងឡុង នាឱកាសនេះ មានសារៈសំខាន់ណាស់ក្នុងការជំរុញ​ និងលើកទឹកចិត្តមន្រ្តីឲ្យសិក្សាភាសាបារាំង។

ឯកឧត្តម ឡេង ប៉េងឡុង បានថ្លែងអំណរគុណចំពោះដៃគូម្ចាស់ជំនួយផងដែរ ដែលតែងតែគាំទ្រដល់អគ្គលេខាធិការដ្ឋានរដ្ឋសភារហូតមក​ មិនថា ជំនាញភាសាបារាំង និងជំនាញបច្ចេកទេសផ្សេងៗនោះទេ។ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថា រដ្ឋសភាក្រោមការដឹកនាំរបស់ សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចប្រធានតែងយកចិត្តទុកដាក់ និងបានណែនាំឲ្យអគ្គលេខាធិការរដ្ឋសភា ស្វះស្វែងរកជំនួយមក បណ្តុះបណ្តាលធនធានមនុស្សឲ្យបានច្រើន ឆ្លើយតបតម្រូវការស្ថាប័ន ដើម្បីធ្វើយ៉ាងណាឲ្យមន្រ្តីមានសមត្ថភាព ក្នុងការបម្រើការងារជូនស្ថាប័ន នីតិប្បញ្ញត្តិ ឲ្យមានការវិវឌ្ឍន៍រីកចម្រើនឡើងដូចបណ្តាប្រទេសជឿនលឿនផ្សេងទៀត។

សូមជម្រាបថា​ ក្រៅពីការផ្តល់ជំនួយក្នុងការបណ្តុះបណ្តាលភាសាបារាំងនៅកម្ពុជា NORIA បានផ្តល់ឱកាសដល់មន្ត្រីអគ្គលេខាធិការរដ្ឋសភា បានទៅ ទទួលការបណ្តុះបណ្តាលពីការរៀបចំការងារសភា នៅសាលាជាតិរដ្ឋបាលបារាំង នៅប្រទេសបារាំងផងដែរ ហើយបានគាំទ្រឲ្យមន្រ្តីសភាកម្ពុជាបាន ទៅចូលរួមសិក្ខាសាលាតំបន់អាស៊ី និងនៅលើឆាកអន្តរជាតិជាច្រើនទៀត៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh