ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ឯកឧត្តម ឈាង វុន បានជម្រាបសមាជិកព្រឹទ្ធសភាជប៉ុនថា ការបោះឆ្នោតខាងមុខអាចមានគណបក្ស៣០ចូលរួមប្រកួតប្រជែង
ឯកឧត្តម ឈាង វុន បានជម្រាបសមាជិកព្រឹទ្ធសភាជប៉ុនថា ការបោះឆ្នោតខាងមុខអាចមានគណបក្ស៣០ចូលរួមប្រកួតប្រជែង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/8/2018 7:23:16 PM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុម មិត្តភាពសភាកម្ពុជា-ជប៉ុន បានទទួលជួបជាមួយ ឯកឧត្តម FUJITA Yukihisa សមាជិកព្រឹទ្ធសភាប្រទេសជប៉ុន នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា ខណៈដែលឯកឧត្តមសមាជិកព្រឹទ្ធសភាមកបំពេញទស្សនកិច្ចនៅកម្ពុជា។

នៅក្នុងជំនួបនោះ ឯកឧត្តម ឈាង វុន បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលតែងតែជួយកម្ពុជានៅគ្រប់កាលៈទេសៈ ពិសេសការស្វែងរក សន្តិភាព។ ឯកឧត្តមបានលើកឡើងថា អ្វីដែលកម្ពុជាមាននៅពេលនេះ គឺមិនអាចកាត់ផ្តាច់បានពីជំនួយរបស់ប្រទេសជប៉ុននោះទេ។ កម្ពុជាបានហែល ឆ្លងទុក្ខលំបាកជាច្រើន ទំរាំកសាងបាននូវប្រទេសជាតិមួយដែលមានសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព។


ឯកឧត្តមប្រធានគណៈកម្មការបានជម្រាប ឯកឧត្តម FUJITA Yukihisa ថា ជាមួយសន្តិភាពពេញផ្ទៃប្រទេស សេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាលំដាប់ ក្នុងរង្វង់៧% នៅរៀងរាល់ឆ្នាំ។ មន្រ្តីរាជការកម្ពុជាមានប្រាក់បៀវត្សរ៍ជាមធ្យម៤០០ដុល្លារ ភាពក្រីក្របានកាត់បន្ថយមកនៅសល់តែត្រឹមជាង១០% ប៉ុណ្ណោះ។

ដោយឡែកនៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យវិញ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី៦ នាចុងខែកក្កដាខាងមុខ នេះ។ ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា នេះជាការអនុវត្តលទ្ធិប្រជាធិបតេយ្យ ជាការផ្តល់សិទ្ធិសេរីភាព និងអំណាចជូនប្រជាពលរដ្ឋក្នុងការ សម្រេចចិត្តជ្រើសរើសមេដឹកនាំ។ នៅក្នុងដំណើរការរៀបចំការបោះឆ្នោតនេះ ក្នុងពេលបច្ចុប្បន្ននេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាននឹង កំពុងទទួលចុះឈ្មោះគណបក្សនយោបាយចូលរួមប្រកួតប្រជែង ហើយបើតាមការប៉ាន់ស្មាន គឺនឹងមានគណបក្សនយោបាយជាច្រើន ចូលរួមការ បោះឆ្នោត ដែលក្នុងនោះទំនងមិនតិចជាង៣០គណបក្សឡើយ។

ឯកឧត្តម ឈាង វុន ក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលនៅតែបន្តជួយគំាទ្រដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការដំណើរ ការរៀបចំបោះឆ្នោតនោះ ។

ឯកឧត្តម FUJITA Yukihisa ជាសមាជិកព្រឹទ្ធសភា ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាច្រើនលើកមកហើយ។ ឯកឧត្តមមានភាពស្និទ្ធស្នាល ជាមួយសមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាលកម្ពុជា ហើយអដ្ឋិធាតុកូនប្រុសរបស់ឯកឧត្តមមួយរូប ត្រូវបានយកមកដម្កល់ទុកនៅកម្ពុជាមួយចំណែក ដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា ឯកឧត្តមមានមនោសញ្ចេតនាជាមួយប្រជាជនកម្ពុជា ដូច្នេះឯកឧត្តមបានប្តេជ្ញាហើយថា នឹងខិតខំចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ ឯកឧត្តម FUJITA Yukihisa គ្រោងជួបពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋសភា និងរាជរដ្ឋាភិ- បាលជាច្រើនរូបផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន