ទំព័រមុខ » គណៈកម្មការទី២ » សកម្មភាព » ឯកឧត្តម ចាយ បូរិន អំពាវនាវដល់សមាជិកក្រុមប្រឹក្សាឃុំក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថែរក្សាសុខសន្តិភាព និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋ
ឯកឧត្តម ចាយ បូរិន អំពាវនាវដល់សមាជិកក្រុមប្រឹក្សាឃុំក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថែរក្សាសុខសន្តិភាព និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/11/2018 7:19:31 PM )

ឯកឧត្តម ចាយ បូរិន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានជួបសំណេះសំណាលសាកសួរសុខទុក្ខ សមាជិកក្រុមប្រឹក្សាឃុំ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយនៅក្នុងឱកាសនោះ ឯកឧត្តមបានអំពាវនាវដល់សមាជិកក្រុមប្រឹក្សាឃុំទំាងអស់ នៅជាប់ជាមួយ ពលរដ្ឋ ផ្តល់ភាពកក់ក្តៅ និងដោះស្រាយបញ្ហាកង្វល់របស់ពលរដ្ឋឲ្យទាន់ពេលវេលា។

ក្នុងពិធីសំណេះសំណាលដែលមានភាពស្និទ្ធស្នាលបំផុតនេះ ឯកឧត្តមតំណាងរាស្រ្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនចំពោះសមាជិកសមាជិកាក្រុមប្រឹក្សាឃុំទំាងអស់ផងដែរ។

ឯកឧត្តម ចាយ បូរិន បានគូសបញ្ជាក់ថា សម្តេចថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ បានយកចិត្តទុកដាក់ជាខ្លំាង ចំពោះសុខទុក្ខ និងជីវភាព របស់អាជ្ញាធរមូលដ្ឋាន ពិសេសសម្តេចបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទំាងអស់ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាទុក្ខកង្វល់របស់ពលរដ្ឋឲ្យបាន ទាន់ពេលវេលា។

ឯកឧត្តមតំណាងរាស្រ្តបានលើកឡើងថា ប្រទេសកម្ពុជាកំពុងទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍ ដោយជីវភាពមន្រ្តីរាជការ កងកម្លំាងប្រដាប់អាវុធ កម្មករកម្មការិនី ត្រូវបានយកចិត្តទុកដាក់ជាខ្លំាងពីថ្នាក់ដឹកនាំ។ ប្រាក់បៀវត្សរ៍ទំាងវិស័យឯកជន និងរដ្ឋ បានដំឡើងព្រមៗគ្នានៅដើមឆ្នាំ២០១៨នេះ។ ការដំឡើងប្រាក់បៀវត្សរ៍នេះ នឹងធ្វើឡើងជារៀងរហូត។ ឯកឧត្តមបានគូសបញ្ជាក់ថា ដូចប្រសាសន៍លើកឡើង របស់សម្តេចនាយករដ្ឋមន្រ្តី ដ៏រាបណា ប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ទើបការអភិវឌ្ឍអាចកើតមាន ការដំឡើងប្រាក់បៀវត្សរ៍អាចធ្វើទៅកើត តែបើប្រទេសជាតិ មានអសន្តិសុខ គ្មានស្ថិរភាពនយោបាយទេនោះ ការអភិវឌ្ឍទំាងឡាយមិនអាចធ្វើបានឡើយ។

ឯកឧត្តម ចាយ បូរិន បានសំណូមពរដល់សមាជិកក្រុមប្រឹក្សាឃុំ ក្នុងស្រុកមេមត់ទំាងអស់ ចូលរួមរក្សាសុខសន្តិភាពជូនសង្គមជាតិ និងត្រូវចុះជាប់ ជាមួយពលរដ្ឋ ដើម្បីផ្តល់ភាពកក់ក្តៅ ដល់ពួកគាត់ ហើយត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋដោយគុណភាព និងតម្លាភាព។

នៅក្នុងឱកាសនោះ ឯកឧត្តមតំណាងរាស្រ្ត ក៏បាននាំយកអំណោយជាថវិកា និងសម្ភារៈមួយចំនួន ចែកជូនដល់សមាជិកអង្គពិធីផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន