ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការសេដ្ឋកិច្ចរដ្ឋសភា ផ្តើមពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨
គណៈកម្មការសេដ្ឋកិច្ចរដ្ឋសភា ផ្តើមពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (11/7/2017 8:09:04 PM )

បន្ទាប់ពីគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ភារកិច្ចឲ្យពិនិត្យនិងសិក្សា សេចក្តីព្រាង​ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨មក នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ​គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដែលមាន ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ជាប្រធាន បានប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ខាងលើនេះ។

នៅក្នុងកិច្ចប្រជុំ ជាមួយសមាជិកគណៈកម្មការ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថា សេចក្តីព្រាង​​ច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ បានតាក់តែងឡើងស្ថិតក្នុងបរិការណ៍ប្រទេសជាតិមានសុខសន្តិភាព ឯកភាពទឹកដី និងស្ថិរភាពនយោបាយ ហើយ ប្រទេសជាតិកំពុងទទួល​បាន អភិវឌ្ឍគ្រប់វិស័យ។ សេចក្តីព្រាងច្បាប់នេះ បានតាក់តែងឡើងដើម្បីផ្តល់លទ្ធភាពដល់ រាជរដ្ឋាភិបាលអនុវត្ត គោលនយោបាយរបស់ខ្លួន ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មន្រ្តីរាជការ កម្មករនិយោជិត។

ឯកឧត្តមបណ្ឌិតរដ្ឋ បានមានប្រសាសន៍បន្តថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ត្រូវបានរៀបចំឡើងក្នុងគោលដៅ ពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ​ ហើយនៅឆ្នាំ២០១៨ កម្ពុជានឹងត្រូវរៀបចំបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ផង និង​បោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ផង។ រដ្ឋាភិបាលត្រូវធានាឲ្យការបោះឆ្នោត​ទំាងពីរនេះប្រព្រឹត្តទៅដោយរលូន។

កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនគារ និងសវនកម្មនៃរដ្ឋសភា ក្នុងការពិនិត្យ សិក្សា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ នេះ បានដំណើរការតាមនីតិវិធី ក្នុងការពិនិត្យ សិក្សាយ៉ាងលម្អិតលើចំនុចនីមួយៗ ហើយបានកត់ត្រានូវបញ្ហាមិនច្បាស់ និងចម្ងល់នានាដែលមាន សម្រាប់ជួបពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាលបន្តទៀត នាពេលខាងមុខ៕

អត្ថបទនិងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh