គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីដឹកនាំដោយ ឯកឧត្តម ប៉ាល់ សំអឿន ប្រធានគណៈកម្មការស្តីទី បានអញ្ជើញចុះបំពេញបេសកកម្ម នៅខេត្តស្វាយរៀងនារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ដើម្បីសិក្សា ស្វែងយល់ពីការងារពាក់ព័ន្ធនឹងវិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី។
នៅពេលអញ្ជើញដល់ខេត្តស្វាយរៀងគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភាបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម គឹម ធា ប្រធានក្រុមប្រឹក្សា ខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងលោក លោកស្រីជាប្រធានមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តផងដែរ។
នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមប្រធានគណៈកម្មការស្តីទី បានសម្តែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់អាជ្ញាធរខេត្ត ក្នុងការអភិវឌ្ឍ មូលដ្ឋាន និងផ្តល់សេវាសាធារណៈនានា ដល់ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរ។ ដោយហេតុថាខេត្តស្វាយរៀង ជាខេត្តមួយដែលមានរោងចក្រ សហគ្រាសជាច្រើន នាពេលកន្លងមក ឯកឧត្តមប្រធានគណៈកម្មការស្តីទី ធ្លាប់សង្កេតឃើញមានបញ្ហាមួយចំនួន បានកើតមានឡើង ដូចជាករណី គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាបរិស្ថានជាដើម។ ទន្ទឹមនឹងនោះ ឯកឧត្តម ប៉ាល់ សំអឿន ក៏បានសំណូមពរ និងជំរុញឲ្យអាជ្ញាធរនិងថ្នាក់ដឹកនាំ ខេត្តស្វាយរៀង ជួយដោះស្រាយរាល់បញ្ហាទាំងនោះ និងបន្តត្រួតពិនិត្យសុវត្ថិភាពការធ្វើចរាចរណ៍លើដងផ្លូវ ជាពិសេសជួយត្រួតពិនិត្យទៅលើរថយន្ត ដឹកកម្មករកម្មការិនីកុំឲ្យមានការដឹកលើសចំណុះជាដើម។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានជម្រាប ជូនគណៈប្រតិភូអំពីស្ថានភាពទូទៅជុំវិញខេត្ត និងការអភិវឌ្ឍនៅក្នុងខេត្ត ដែលបានធ្វើឲ្យកម្រិតជីវភាពប្រជាពលរដ្ឋ មានការរីកចម្រើនឡើងជាបន្ត បន្ទាប់។ ឯកឧត្តមបញ្ជាក់ថា នៅក្នុងខេត្តបច្ចុប្បន្ន ការផ្ដល់សេវាសាធារណៈរបស់រដ្ឋ កាន់តែមានភាពរហ័សនិងមានប្រសិទ្ធិភាពទៅដល់ប្រជាពលរដ្ឋ។ ក្នុងនោះវិស័យសុខាភិបាលនៅទូទាំងខេត្តស្វាយរៀង មានមន្ទីរពេទ្យចំនួន០៥កន្លែងគឺមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកជីភូ មន្ទីរពេទ្យបង្អែករមាសហែក មន្ទីរពេទ្យបង្អែកស្វាយទាប មន្ទីរពេទ្យបង្អែកស្វាយជ្រុំ និងផ្នែកស្រុកប្រតិបត្តិចំនួន៤កន្លែង ។ រីឯមណ្ឌលសុខភាពវិញមានចំនួន៤៣កន្លែង និងប៉ុស្តិ៍ សុខភាពមាន០២កន្លែងសម្រាប់ផ្តល់សេវាសុខាភិបាល ជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ។
អាជ្ញាធរខេត្តក៏បានជម្រាបជូនគណៈប្រតិភូគណៈកម្មការរដ្ឋសភាអំពីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅក្នុងខេត្ត ដែលរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ច ពិសេសកំពុងដំណើរការចំនួន០៦កន្លែង មានរោងចក្រ សហគ្រាស ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថាន ឯកជនចំនួន១៥៥កន្លែង ដែលបានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ បានប្រមាណជាង៥ម៉ឺននាក់ ជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ និងផ្ដល់នូវប្រាក់ចំណូល ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពប្រសើរឡើង ផងដែរ។
បន្ទាប់ពីជួបប្រជុំជាមួយអាជ្ញាធរខេត្តរួចមក គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ក៏បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានអញ្ជើញមកទទួលសេវាសុខាភិបាល នៅមណ្ឌល សុខភាពចក ស្ថិតនៅក្នុងស្រុករំដួល ខេត្តស្វាយរៀង មុននឹងបន្តដំណើរទៅបំពេញបេសកកម្មនៅខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំបន្តទៀត៕
អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន








